KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

អ្នកវិជ្ជាជីវៈច្បាប់ទាំង ៥ រួមមាន ចៅក្រម មេធាវី ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី បានធ្វើបាឋកថាស្តីពី «ការចែករំលែកបទពិសោធ និងត្រៀមខ្លួនប្រឡងប្រជែងវិជ្ជាជីវៈច្បាប់» ជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន២៩៥ អង្គ/នាក់

អ្នកវិជ្ជាជីវៈច្បាប់ទាំង ៥ រួមមាន ចៅក្រម មេធាវី ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី បានធ្វើបាឋកថាស្តីពី «ការចែករំលែកបទពិសោធ និងត្រៀមខ្លួនប្រឡងប្រជែងវិជ្ជាជីវៈច្បាប់» ជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន  ២៩៥ អង្គ/នាក់
 
(ភ្នំពេញ)៖ លោកស្រី នាង ស៊ីណៃ ចៅក្រម នៃសាលាដំបូងខេត្តកំពង់ស្ពឺ លោក និន ភុស្ដភា មេធាវី នៃក្រុមហ៊ុន មេធាវីតម្រាច្បាប់ លោក ជុំ គីរី ក្រឡាបញ្ជី នៃសាលាដំបូងខេត្តព្រៃវែង លោកស្រី សាន សុជាតា អតីតសិស្សសារការី ជំនាន់ទី២ និងលោក ឡោ សហឺ  អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើបាឋកថាស្តីពី « ការចែករំលែកបទពិសោធ និងតៀមខ្លួនប្រឡងវិជ្ជាៈជីវៈច្បាប់» ដើម្បីជួយពង្រឹងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងថ្មីៗ ជូនដល់បុគ្គលិក សាស្ត្រាចារ្យ និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន ២៩៥ អង្គ/នាក់ នៅសាលសន្និសីទ ជាន់ទី១៣ អគារមាស នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
 
ពិធីនេះមានការចូលរួមជាសហគណៈអធិបតីគឺ លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងលោក ជឹម សុធន ប្រធានក្រុមមគ្គទេសក៍ច្បាប់ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ សមាជិកក្រុមមគ្គទេសក៍ច្បាប់ និងនិស្សិតជាច្រើននាក់ផងដែរ។
 
ឆ្លៀតក្នុងឱកាសនេះ លោកសាកវិទ្យាធិការ បានឱ្យដឹងដែរថា ដើម្បីជួយពង្រឹងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងថ្មីៗ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំនូវកម្មវិធីបាឋកថា សិក្ខាសាលា និងវេទិការ     វិទ្យាសាស្ត្រ ជាច្រើនដង និងជាប្រចាំឆ្នាំទៅតាមកម្មវិធីដែលបានគ្រោងទុក ក្នុងរង្វង់ប្រមាណពី១០-១៥ដង តាមរយៈជំនាញផ្សេងៗគ្នានៃមហាវិទ្យាល័យនីមួយៗ និងសាលាក្រោយឧត្តម ដោយបានអញ្ជើញបណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ អ្នកឯកទេស វាគ្មិនល្បីៗកម្រិតគរុសភា(Academic) ដែលមានជំនាញជ្រៅជ្រះទាំងក្នុងវិស័យសាធារណៈ និងឯកជន។
 
លោកសាកលវិទ្យាធិកា បានបន្ថែមថា ជាសក្ខីភាពស្រាប់ សាកលវិទ្យាល័យបានប្រារព្ធនូវកម្មវិធីបាឋកថា ដែលបានទទួលវាគ្មិនជំនាញវិជ្ជាជីវៈរហូតទៅដល់ប្រាំរូប មកធ្វើបទបង្ហាញ ដើម្បីផ្តល់នូវចំណេះដឹង ពិសោធជាក់ស្តែងអំពីការត្រៀមខ្លួនដើម្បីប្រឡងប្រជែងវិជ្ជាជីវៈច្បាប់ ដែលប្រធានបទនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់និស្សិត សាស្ត្រាចារ្យ និងបុគ្គលិក ជាពិសេសសម្រាប់អ្នកសិក្សា ជំនាញ នីតិសាស្រ្ត នេះតែម្តង។ 
 
លោក ជឹម សុធន បានបង្ហាញអំពី គោលបំណងចំនួន៥ ដែលនាំឱ្យមានការសហការបង្កើតនូវកម្មវិធីនេះឡើង  គោលបំណងទី១ ចង់ឱ្យនិស្សិតស្វែងយល់អំពីសញ្ញាណទូទៅនៃវិជ្ជាជីវៈច្បាប់ ថាតើអ្វីទៅជា ចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា សារការី មេធាវី មុនសម្រេចចិត្ត ទៅប្រឡងក្នុងការចាប់យកវិជ្ជាជីវៈនាពេលអនាគត គោលបំណងទី២ ស្វែងយល់អំពីរបៀបនៃការដាក់ពាក្យ និងនីតិវិធីនៃការប្រឡងប្រជែងក្នុងវិស័យ ការងារទាំងរដ្ឋនិងឯកជន គោលបំណងទី៣ ជំរុញលើកទឹកចិត្តឱ្យនិស្សិតខិតខំសិក្សាពង្រឹងសមត្ថភាពផ្នែកច្បាប់ និងស្វែងរកការងារធ្វើនៅក្នុងវិស័យច្បាប់ គោលបំណងទី៤ ចូលរួមចែករំលែកផ្សព្វផ្សាយច្បាប់ និងគោលបំណងទី៥ ដើម្បីពង្រឹងកិច្ចសហការជាដៃគូក្នុងនាមក្រុមមគ្គទេសក៍ច្បាប់ ជាមួយ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
 
បន្ថែមពីនេះនៅក្នុងការធ្វើបទបង្ហាញរបស់វាគ្មិននីមួយៗបានផ្តោតលើចំនុចសំខាន់ៗ ដូចជា សញ្ញាណទូទៅនៃវិជ្ជាជីវៈ ចៅក្រម មេធាវី ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ការត្រៀមលក្ខណៈសម្បត្តិក្នុងការប្រឡងប្រជែង ការចែករំលែកអំពីបច្ចេកទេសសរសេរពេលប្រឡង ការប្រឡងផ្ទាល់ និងបែបបទនៃការដាក់ពាក្យចូលរួមប្រឡងប្រជែងផងដែរ។
 
ក្នុងនាមជាអ្នកវិជ្ជាជីវៈទាំងប្រាំដែលបម្រើរក្នុងវិស័យយុត្តិធម៌បានលើកទឹកចិត្តដល់ប្អូនៗ  ជានិស្សិតទាំងអស់ ពិសេសនិស្សិតជំនាញនីតិសាស្ត្រ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ បង្កើនចំណេះដឹង សិក្សាស្រាវជ្រាវច្បាប់ និងត្រូវស្វែងយល់អំពីការរីកចម្រើននៃសង្គមជាតិ។