ក្នុងយុគសម័យសកលភាវូបនីយកម្ម និងសមាហរណកម្មតំបន់ ទំនាក់ទំនងឆ្លងវប្បធម៌ និងការដោះដូរព័ត៌មានឥតដែនកំណត់ បានក្លាយជាតម្រូវការស្នូលមិនអាចខ្វះបានសម្រាប់ស្ថាប័នរដ្ឋ ឯកជន និងអង្គការអន្តរជាតិ។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញភាសាអង់គ្លេសសម្រាប់ការបកប្រែ នៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសារបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់រយៈពេល ៤ ឆ្នាំ (ស្មើនឹង ៨ ឆមាស សរុប ១២០ ក្រេឌីត) ផ្អែកលើប្រព័ន្ធអប់រំតាមលទ្ធផលសមត្ថភាព (OBE) និងស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា កម្រិតទី៦។ កម្មវិធីនេះបានបំពាក់បំប៉ននូវគ្រឹះភាសាអង់គ្លេសកម្រិតខ្ពស់ ទ្រឹស្តី វិធីសាស្ត្រ និងបច្ចេកទេសបកប្រែទំនើបៗ ទាំងការបកប្រែអត្ថបទ (Translation) និងការបកប្រែផ្ទាល់មាត់ (Interpretation) ព្រមទាំងចំណេះដឹងផ្នែករដ្ឋបាលសាធារណៈ ខេមរវិទ្យា និងការប្រាស្រ័យទាក់ទងអន្តរវប្បធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងតំបន់។
កម្មវិធីសិក្សានេះមានគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពនិស្សិតឱ្យក្លាយជាអ្នកជំនាញភាសា និងអ្នកបកប្រែអាជីពប្រកបដោយឧត្តមភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្មវិធីនេះផ្តោតលើការអភិវឌ្ឍជំនាញបំប្លែងន័យរវាងភាសាអង់គ្លេស និងភាសាខ្មែរ ការប្រើប្រាស់បច្ចេកវិទ្យា និងកម្មវិធីជំនួយការបកប្រែ ព្រមទាំងការអភិវឌ្ឍជំនាញគិតវិភាគ ការស្រាវជ្រាវ និងការធ្វើការងារជាក្រុម ដើម្បីរៀបចំនិស្សិតឱ្យមានលក្ខណៈសម្បត្តិពេញលេញ និងភាពជឿជាក់ក្នុងការបំពេញការងារជាអ្នកបកប្រែ មន្ត្រីទំនាក់ទំនងសាធារណៈ ការទូត ឬបន្តការសិក្សាកម្រិតខ្ពស់ជាបន្តទៀត។
ឱកាសការងារ
និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញភាសាអង់គ្លេសសម្រាប់ការបកប្រែ អាចមានឱកាសការងារនៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងអាជីវកម្មឯកជននានា ដូចខាងក្រោម៖
១. មន្ត្រីទំនាក់ទំនងសាធារណៈ ការទូត ឬមន្ត្រីសម្របសម្រួលអន្តរជាតិ
២. គ្រូបង្រៀនភាសាអង់គ្លេស ឬបណ្តុះបណ្តាលជំនាញទំនាក់ទំនង
៣. ភ្នាក់ងារអភិវឌ្ឍន៍ទីផ្សារ ទំនាក់ទំនងអតិថិជន និងដៃគូអាជីវកម្ម
៤. អ្នកបកប្រែភាសាអង់គ្លេស
៥. ទីប្រឹក្សាផ្នែកយុទ្ធសាស្ត្រទំនាក់ទំនង
នៅក្នុងយុគសម័យសាកលភាវូបនីយកម្ម និងការបើកចំហជើងមេឃសេដ្ឋកិច្ច-វប្បធម៌ វិស័យបកប្រែភាសាបានដើរតួនាទីជាស្ពានចម្លងដ៏សំខាន់មិនអាចខ្វះបាន ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ ឯកជន និងអង្គការអន្តរជាតិ។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង ជំនាញភាសាអង់គ្លេសសម្រាប់ការបកប្រែ នៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា ត្រូវបានរៀបចំឡើងស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (កម្រិតទី៥) ដោយសិក្សារយៈពេល ២ ឆ្នាំ ស្មើនឹង ៤ ឆមាស (សរុប ៦០ ក្រេឌីត/១៨ មុខវិជ្ជា)។ កម្មវិធីនេះផ្តោតលើការផ្សារភ្ជាប់សមត្ថភាពភាសាអង់គ្លេសកម្រិតខ្ពស់ ជំនាញសរសេរ អក្សរសិល្ប៍ វប្បធម៌ និងទ្រឹស្តី-បច្ចេកទេសបកប្រែជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងអន្តរជាតិ។
កម្មវិធីសិក្សានេះមានគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពប្រាស្រ័យទាក់ទង និងការបកប្រែរបស់និស្សិត ទាំងការបកប្រែអត្ថបទ (Translation) និងការបកប្រែផ្ទាល់មាត់ (Interpretation) ព្រមទាំងផ្តល់ចំណេះដឹងលើផ្នែករដ្ឋបាលសាធារណៈ ខេមរវិទ្យា និងវប្បធម៌ចម្រុះ។ លើសពីនេះ កម្មវិធីមានបំណងអភិវឌ្ឍជំនាញគិតវិភាគ ការដោះស្រាយបញ្ហាប្រឈមនៃពាក្យបច្ចេកទេស ការប្រើប្រាស់ឧបករណ៍បកប្រែឌីជីថល និងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរៀបចំនិស្សិតឱ្យក្លាយជាអ្នកបកប្រែ ជំនួយការរដ្ឋបាល បុគ្គលិកទំនាក់ទំនង ឬមានសមត្ថភាពបន្តការសិក្សាទៅថ្នាក់បរិញ្ញាបត្រប្រកបដោយប្រសិទ្ធភាព។
និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ជំនាញភាសាអង់គ្លេសសម្រាប់ការបកប្រែ អាចមានឱកាសការងារនៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងអាជីវកម្មឯកជននានា ដូចខាងក្រោម៖
១. អ្នកបកប្រែឯកសារ ឬអ្នកបកប្រែផ្ទាល់មាត់ (Translator / Interpreter) ក្នុងក្រុមហ៊ុន អង្គការ ឯកជន និងស្ថាប័នរដ្ឋ។
២. ជំនួយការរដ្ឋបាល លេខាធិការ ឬមន្ត្រីសម្របសម្រួលគម្រោងដែលទាមទារការប្រើប្រាស់ភាសាទ្វេរភាគី។
៣. បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជនអន្តរជាតិ (Customer Service) ឬមន្ត្រីទំនាក់ទំនងសាធារណៈ។
៤. ឱកាសបន្តការសិក្សាទៅកាន់ថ្នាក់បរិញ្ញាបត្រ (ឆ្នាំទី៣ ទី៤) ជំនាញភាសាអង់គ្លេសសម្រាប់ការបកប្រែ។